Saturday, October 28, 2017

ជីវប្រវត្តិ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី

ជីវប្រវត្តិ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី


ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ។ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះ​បិតា ដែល​ព្រះ​អង្គ​បាន​ដាក់រាជ្យ កាលពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០០៤ ។
ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះ​រៀម​និង​ព្រះ​អនុជ​មាតា​ទីទៃ​សរុប​ចំនួន​១៣​អង្គ ។ ព្រះ​អង្គ​មាន​ព្រះ​អនុជ​បង្កើត​តែ​មួយ​អង្គ​គត់ គឺ​សម្តេច នរោត្តម ន​រិ​ន្ទ្រ​ពង្ស (១៩៥៤-២០០៣) ។
អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដោយ​លោក​សេនាប្រមុខ​លន់ ន​ល់ ព្រះ​អង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រា​គ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េ​ខាងជើង ។
នៅ​ឆ្នាំ​១៩៧៧ ព្រះ​អង្គ​យាង​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ ។ ភ្លាម​ៗ​នោះ ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច បាន​ប្រឆាំង​នឹង​រាជា​និយម និង​បាន​ឃុំ​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ជាមួយ​ព្រះរាជ​វង្សានុវង្ស​ដទៃ​ទៀត រហូត​ដល់​ឆ្នាំ​១៩៧៩ ។
នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ក្រុងប៉ារីស ដើម្បី​បង្ហាត់បង្រៀន​របាំ បា​ឡេ និង​បាន​ទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។ ព្រះ​អង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះ​អង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រា​គជា​រឿយ​ៗ ជាទី​ដែល​ព្រះ​អង្គ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះ​ជន្ម​ក្មេង​វស្សា ។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះ​សមត្ថភាព​មាន​ព្រះ​បន្ទូល​ភាសា​ឆេ​ក ។
នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះ​អង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូ​ណេ​ស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង  ជាទី​ដែល​ព្រះ​អង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការ​តស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា ។ ព្រះ​អង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះ​អង្គជា​ឯកអគ្គរាជទូត កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។
នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះ​អង្គ​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​រូប នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​សម​ស្រប ក្រោយ​ពី​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ដាក់រាជ្យ​នៃ​សម្តេចព្រះ​នរោត្តម សីហ​នុ កាលពី​មួ​យស​ប្តា​ហ៍​មុន ។ ការ​ជ្រើសរើស​នេះ​គឺ​ស្រប​តាម​ការ​យល់ព្រម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​រដ្ឋសភា ដែល​ជា​ព្រះ​រៀម​មាតា​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី និង​មាតា​សុទ្ធតែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ។
ការ​សិក្សា
ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​រាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រា​គ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​នា​ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥ ។ ព្រះ​អង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ ។ ក្រៅពី​នេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុ​ស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។
នៅ​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញពី​ក្រុង​ប្រា​គ ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាងជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧ ។
នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បា​ឡេ ហើយ​បន្ទាប់​មក​ព្រះ​អង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ ។ ព្រះ​អង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជាង​២០​ឆ្នាំ ។
ព្រះរាជ​គោរម្យ៍ងារ
មុន​ពេល​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យ៍ងារ​ជា «​ស្ដេច​ក្រុមឃុន​» ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ ទ្រង់​ព្រះ​រាជទាន នា​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​ដំឡើង​ជា «​សម្ដេចព្រះ​បរមនាថ​» នា​ថ្ងៃ​ទី​៣១ ខែសីហា​ឆ្នាំ​២០០៤​។
ព្រះ​រាជាភិសេក
បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​ដាក់​រាជសម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា ។ ព្រះរាជ​ពិធី​រាជាភិសេក​ព្រះ​អង្គជា​ផ្លូវការ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ ។
ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី គឺ​៖
«​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​ត​ខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជា​ឯករាជ​រដ្ឋ​បូ​រណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​» ប្រែ​សេចក្ដី​ថា​៖
«​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ​និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភក្តិ និង​ភក្ដីភាព​។ មហាក្សត្រ​ដែល​ព្រះពុទ្ធ និង​ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ ។ អ្នក​រួបរួម​ខេមរជន​ទាំងអស់ ។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ​» ។
ព្រះ​នាម​របស់​ព្រះ​អង្គ គឺ​បាន​មក​ពី​ការ​ផ្សំគ្នា​រវាង​ព្រះ​នាម​របស់​ព្រះ​មាតាបិតា​ព្រះ​អង្គ​គឺ សីហ (​សីហ​នុ​) និង​មុនី (​មុនិនាថ​) ។
គ្រឿង​ឥស្សរិយយស
• គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍
• គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍
• មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
• មេដាយ​ប្រាក់​នៃ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង
ភាសា
ក្រៅពី​ភាសា​ខ្មែរ ព្រះករុណា​ស្តេច​ទ្រង់​អាច​ប្រើប្រាស់​ភាសា​ឆែក បារាំង និង​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ ៕

No comments:

Post a Comment