Friday, October 20, 2017

ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនា និង សង្គម

ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនាព្រះពុទ្ធសាសនា និង សង្គម។



▪ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនាមនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិ​សាសន៍ ពណ៌​សម្បុរ​​ប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែពួក​គេមាន​បំណង​ដូច​​គ្នា​តែ​មួយ​គត់ គឺរស់នៅដោយមានអាហារបរិភោគ ខោអាវស្លៀកពាក់ ជម្រកស្នាក់នៅ និង​​​ឧបករណ៍ប្រើប្រាស់ រួមទាំងភាវៈទ្រទ្រង់ជីវិតសមរម្យ ដើម្បីមានកម្លាំង សេរីភាព និង​លទ្ធ​ភាព​គ្រប់គ្រាន់​ក្នុងការរស់នៅ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ ហើយ​បាន​សម្ដែង​នូវ​ការ​ទូន្មាន ប្រៀនប្រដៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈឲ្យបានដឹងនូវឥទ្ធិពលនៃ កម្ម​​​​​ផល ។ ព្រះ​សម្មាសម្ពុទ្ធជាមនុស្សដ៏អស្ចារ្យក្នុងលោក ទ្រង់បានកំណត់​ដឹងនូវ​ជាតិ​កំណើត​​របស់ព្រះអង្គ​ទាំង​​អតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិទាំងអស់ ។ ដោយ​ពុំ​មាន​​​មនុស្សលោកណាអាច​ធ្វើបាន ដឹងបានដូចព្រះអង្គឡើយ។ ព្រះអង្គជាលោកវិទូ ដែល​ពោរ​ពេញទៅដោយគ្រប់កាលៈ​ទេសៈ រហូតដល់សព្វថ្ងៃនេះ(៧) ។ទ្រឹស្ដីអប់រំសីលធម៌យុវជន ដែលជាសមញ្ញធម៌ ដែលព្រះអង្គបានប្រៀនប្រដៅដល់​សត្វ​លោកទូទៅ​នោះគឺៈ
១ បញ្ចសីល ឬ សីលប្រាំ.
១ ហាមកាប់សម្លាប់ជីវិតមនុស្ស និង សត្វបាណាតិាតា វេរមណី ហាមកាប់សម្លាប់​គា្ន។​សត្វលោកគ្រប់គ្នា តែង​តែប្រា​ថ្នាចង់​រស់ ប្រកប​ដោយភាពសុខសាន្ត មិនចង់ជួប​ប្រទះនឹងសេចក្ដីទុក្ខ​លំបាក ការបៀតបៀន ការ​សម្លុត​គម្រាមកំហែង ឬនិរាសព្រាត់ប្រាស​ឃ្លាតចាកនូវរបស់ជាទីស្រលាញ់​ពេញចិត្តខ្លួន​ឡើយ (៨) លើកលែង​តែ​ម​នុស្ស​​វិក​ល​​ចរិត​បាត់បង់នូវសតិបញ្ញាស្មារតីប៉ុណ្ណោះ។ គ្មាននរណា​ម្នាក់​អាចស្លាប់ហើយ​រស់ឡើងវិញទេ ហើយក៏គ្មានឱសថ​ណាអាច​ព្យា​​បាល​មនុស្សដែល​ស្លាប់​​​​អោយ​រស់ឡើងវិញបានដែរ ដូចច្នេះហើយជីវិតសម្រាប់មនុស្ស សត្វ​គឺសំ​ខាន់​ជាងអ្វីៗ​ទាំង​អស់។       ដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិនូវការ​ហាម​មិន​
អោយបៀត​បៀន​ជីវិត​​សត្វនេះនៅលំដាប់ទី១។
.២ ហាមលួចឆក់ប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃអទិន្នាទានា វេរមណី ហាមកាន់យកនូវទ្រព្យសម្បត្តិ មាស ប្រាក់ ដែលគេ​មិនបាន​ឲ្យ​ដោយ​កាយ ដោយវាចា ឬដោយការសរសេរជាលាយលក្ខណ៍អក្សរ ល្មមអាច​យក​ជា​ផ្លូវ​ការ​បាន ដោយគ្មានការបង្ខិតបង្ខំ ការសម្លុតគម្រាមកំហែង ឬ ប្រើនូវ​ល្បិចកិច្ច​កល​​ផ្សេងៗ ។ ទ្រព្យ​​សម្បត្តិ​គឺជាវត្ថុសំខាន់ចាំបាច់ទី២របស់មនុស្ស បន្ទាប់ពីអាយុជីវិត ។ កាលណា​មាន​អាយុ​​ជីវិត​រស់នៅហើយ មនុស្សលោកគ្រប់គ្នា តែងប្រាថ្នាការចង់បានទ្រព្យសម្បត្តិ ពី​ព្រោះ​ជីវិត​របស់​ពួកគេត្រូវពឹងផ្អែកទៅលើទ្រព្យសម្បត្តិ មាសប្រាក់ ទៅលើការមាន​អាហារ​ហូប​​ចុក​​គ្រប់​​​គ្រាន់ មានសម្លៀកបំពាក់ ​មានផ្ទះសំបែងជ្រកកោនត្រឹមត្រូវ និងមាន​ថ្នាំ​សម្រាប់​ព្យា​បាលរោគជាដើម ។  ការខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិត ដើម្បីជីវភាពរស់នៅឲ្យសម្បូរណ៍​ធូរ​ធារ ជាការលំបាកពន់ពេកណាស់។ កាលណាខំស្វែងរកទ្រព្យសម្បត្តិបានមកហើយ មនុស្ស​​តែងមានការហួងហែង ថែរក្សាការពារមិនចង់​ឲ្យទ្រព្យសម្បត្តិ ដែលខ្លួនខំស្វែងរក​បាន​​មក​ដោយ​សេចក្ដីលំបាក​នោះ វិនាសអន្តរាយទៅដោយប្រការណាមួយឡើយ។ ដោយ​ឡែក​នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី ៣ មាត្រា ៤៤​ ក៏​បានចែងដែរថា “ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជា​ម្ចាស់​កម្ម​សិទ្ធិ” (៩)។១.៣ ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមទាំងពួង​កាមេសុ មិច្ឆាចារា វេរមណី ហាមប្រព្រឹត្តខុសក្នុងផ្លូវ​កាម​ទាំង​ឡាយ មនុស្សលោក កាល​ណាមានជីវិតរស់នៅ និងមានទ្រព្យសម្បត្តិហើយ ជាធម្មតាតែង​តែមានក្រុមគ្រួសារ ស្វាមី ភរិយា បុត្រា បុត្រីជាដើម ហើយតែងប្រាថ្នាចង់រួមរស់នៅជួបជុំ​គ្នា​ជាសុខសាន្ត ប្រកប​ដោយ​សុភមង្គល មិនចង់បាននូវការបែកបាក់ ឈ្លោះទាស់ទែងខ្វែង​គំ​និតគ្នា ការផិតក្បត់ និង​​ការរំលោភបំពានសោះឡើយ(១០)។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្ស​ដែល​ខ្លួនស្រលាញ់យ៉ាងណា គេក៏ស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនគេ​ស្រលាញ់យ៉ាងនោះដែរ ។ ដូច្នេះក្នុងការយកគ្នាជាគូស្វាមី ភរិយា ត្រូវប្រព្រឹត្តទៅច្បាប់ តាម​ប្រពៃណីរបស់ប្រទេស ។  ១.៤ ហាមនិយាយកុហកមុសាវាទា វេរមណី ហាមនិយាយកុហក។ សង្គមមនុស្ស មិនអាចខ្វះភាសា​និយាយ​បាន​​ទេ ទោះបីជាមនុស្សគថ្លង់ ក៏គង់មាន​ភាសាកាយវិការជាគ្រឿងសំគាល់ដែរ ។ ដោយ​ហោច​ទៅ សូម្បីតែសត្វតិរច្ឆាន ក៏មានភា​សាវាដែរ ។ ភាសា ឬសម្ដីនិយាយ​គឺជាម​ធ្យោបាយ​មួយ​ដ៏​សំខាន់ក្នុងការទំនាក់ទំនងរវាង​បុគ្គលនិងបុគ្គល សហគមន៍និងសហគមន៍ ប្រទេស​និង​ប្រទេសជាដើម ។ បើសិនជាគ្មាន​ភាសាទេ សង្គមមនុស្ស នឹងជួប​នូវវិបត្តិ​មួយ​យ៉ាងធ្ង​ន់​ធ្ងរ ឬ អាចនិយាយបានថា សង្គម​មនុស្សប្រៀបបានទៅនឹងរុក្ខជាតិ ដែលគ្មាន​ចិត្តវិញ្ញាណ​ដូច្នោះ ។ ប៉ុន្តែ ប្រសិនបើមាន​ភាសាហើយ មនុស្សមិនបាន​យកវាទៅ​ប្រើប្រាស់​នៅក្នុងផ្លូវ​ល្អ​​ទេ​​នោះពិតជានឹងនាំមកនូវ​គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅវិញ មានការបាត់បង់ទំនុកចិត្តគ្នា បែក​បាក់សាមគ្គីគ្នា ការចាញ់បោកគ្នា អំពើអយុត្តិធម៌ជាដើម។ ហេតុនេះ ទើប​ព្រះពុទ្ធ​បរម​គ្រូ បានរៀបចំនូវច្បាប់សម្រាប់​គ្រប់គ្រងភាសា ឬការ​និយាយ​នេះឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ប្រ​ពៃ​មាន​សណ្ដាប់ធ្នាប់ និងស្ថិតនៅ​ក្នុងក្រមសីលធម៌ខ្ពស់ (១១)។១.៥ ហាមប្រើបាសគ្រឿងញៀន និង គ្រឿងស្រវឹងសុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី ហាមផឹកទឹក​ស្រវឹង ​ជក់​គ្រឿង​ញៀន។ មនុស្ស​លោក គឺជាប្រភេទសត្វលោកដ៏វិសេស និង ប្រសើរខ្ពង់ខ្ពស់ជាងសត្វតិរច្ឆាន​​។ គ្រឿង​ញៀន និងគ្រឿងស្រវឹង អាចធ្វើឲ្យមនុស្សលោក បាត់បង់នូវសតិសម្បជញ្ញៈ ហ៊ាន​ប្រព្រឹត្ត​នូវ​អំ​ពើគ្រប់បែបយ៉ាង មានអំពើអមនុស្សធម៌ដូចជាសត្វតិរច្ឆានជាដើមផងដែរ ។ ហេតុនេះ គប្បី​ចេះថែ​រក្សា​នូវ​ឋានៈ និងភាពជាមនុស្សជាតិឲ្យស្ថិតនៅគង់វង់ល្អ ការពារកុំឲ្យឋានៈនេះ ធ្លាក់ទៅនៅ​ទាប​ស្មើ​និងសត្វតិរច្ឆាន ។ដូចនេះសីលប្រាំ ជាសក្ខាបទដែលជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ និងសង្គម​ជាតិ​ទាំង​មូល​មានសុខសន្តិភាព សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ សណ្នាប់ធ្នាប់ និង សីលធម៌ខ្ពស់។២ អំពើល្អ១០យ៉ាងក្នុងការអប់រំសីលធម៌  អំពើល្អ ១០យ៉ាងនេះ ត្រូវបានព្រះពុទ្ធបរមគ្រូចាត់ទុកថា ជាគោលការណ៍គ្រឹះ ឬ​ជា​ឬស​គល់​នៃធម្មទាំងឡាយនៃព្រះពុទ្ធសាសនាក្នុងការស្វែងរកសុខសន្តិភាព សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ កិត្តិយស និងការអភិវឌ្ឍន៍ដល់បុគ្គលខ្លួន​ឯង រង្វង់គ្រួសារ និងសង្គម​ជាតិទាំង​មូល​។ អំពើល្អទាំង១០ ប្រការនោះគឺៈ២.១ អំពើប្រព្រឹត្តល្អដោយកាយ៣ (កាយសុចរិត)  - ការវៀរចាកអំពើកាប់សម្លាប់ មនុស្ស ឬសត្វមានជីវិត គឺមិនបៀតបៀន មិន​ធ្វើទុក្ខ​ទោស មិនធ្វើ​បាប​ដោយឥតមេត្តា មិនវាយសំពងដោយប្រណង មិនកាប់​សម្លាប់​ប្រហារ​បាញ់​​ ចាក់​ដោយ​សា​ស្រ្តា​វុធ​ធ្វើ ឲ្យជីវិតបង់។- ការមិនគេងបន្លំយកទ្រព្យសម្បត្តិរបស់អ្នកដទៃ ឬក៏ប្រើឲ្យ​អ្នក​ដទៃ​លបលួច លាក់ ឆក់​ដណ្តើមដោយកាយ១។- ការមិនប្រព្រឹត្តខុសក្នុងកាម មិនប្រ​ព្រឹត្ត​ទៅ​លើ​ប្តី ឬប្រពន្ធ អ្នកដទៃដែល​គេហួង​ហែង​​​រក្សានិងធ្វើឲ្យគេអាប់​កិត្តិយសកេរ្តិ៍ឈ្មោះ​កើត​សេចក្តី​អៀនខ្មាស១។ ទាំង៣នេះ​ហៅ​ថា​​អំពើ​​ដោយកាយ ឬដោយសេចក្តីបរិសុទ្ធ​ដោយ​កាយ។អំពើទាំង ៣នេះព្រះអង្គស្វែងយល់ថា គឺជាការងារត្រូវ (សម្មាកម្មន្តៈ)​ និង​ការ​ចិញ្ចឹម​ជិវិត​ត្រូវ (សម្មាអាជីវៈ) ហើយនៅក្នុងនោះក៏មានការហាមមិនឲ្យធ្វើនូវជំនួញ ៥ប្រការ​ដែរគឺ​ជំនួញ​មនុស្ស ជំនួញសាច់សត្វ​ដែល​​សម្លាប់ដោយដៃឯង ជំនួញអាវុធសម្រាប់សង្រ្គាម ជំនួញ​​​គ្រឿងស្រវឹង និងជំនូញ​ថ្នាំ​​មាន​​ពិសពុល ឬរស់នៅក្នុងរបរមានអយុត្តិធម៌។២.២ អំពើប្រព្រឹត្តល្អដោយវាចា៤​ (វិចីសុចរិត)- វៀរចាកនូវការមិនពោលពាក្យកុហកបោកប្រាសបំភាន់ភ្នែកអ្នកដទៃ ។  - ការមិនពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។​ពាក្យសម្តីផ្សែផ្សំប្រ​មែប្រ​មុំផ្តុំឲ្យ​កើតជាសាមគ្គីសេចក្តីព្រមព្រៀង ការនិយាយផ្សះផ្សារជន​ដែលមានវិវាទ​ឲ្យជា​នឹង​គ្នា​វិញ ការនិយាយបន្ថែមកម្លាំងនាំឲ្យពួកជនដែលរាប់អានគ្នា ហើយរិតតែមាន​ភាពស្និទ្ធស្នាល ស្រ​ឡាញ់គ្នា​ជាងមុនទៅទៀត។- ការនិយាយ​តែពាក្យផ្អែមល្ហែមទន់​ភ្លន់ពិរោះ​ដែល​​​ជាទី​គាប់​ត្រ​ចៀក ត្រូវចិត្ត នៃ អ្នក ដទៃ គឺការមិននិយាយទ្រគោះបោះបោកចាក់ដោតបញ្ឈឺចិត្ត​គេ មិនជេរ​ប្រ​ទេច​ផ្តាសា ឲ្យ​កេរ្តិ៍​​អា​ស្រូវ​ដល់ត្រចៀក និងចិត្តអ្នកដទៃ។  - ការនិយាយអំពីប្រយោជន៍ និងសេចក្តីចម្រើនទាំងពីប្រការគឺផ្លូវលោកមួយ ផ្លូវធម៌​មួយ មិននិយាយពោលពាក្យរោយរាយឥតប្រយោជន៍។ ការនិយាយ​អំពីផ្លូវលោក​គឺនិយាយ​អំពី​វិជ្ជា ការចេះដឹងនិងការងារដែលឥតទោសនាំឲ្យចម្រើនធនធានអាជីវកម្មផ្សេងៗចម្រើ​ន​​សេច​ក្តី សុខឥតមានទោស ឥតមានសត្រូវ។  ទាំងនេះព្រះសម្មាសម្ពុទ្ធបានចាត់ទុកថា ការនិយាយត្រូវ (សមា្មវាចា) ។ ការនិយាយ​ត្រូវ​នេះ​ជាកាំជណ្ដើ មួយទៀត​ឈាន​ឡើង​ទៅកាន់ការប្រតិបត្តិ​ដើម្បីគ្រប់​គ្រង​រក្សា​ខ្លួនឯង​។ ការនិយាយដោយ​ប្រាស​ចាក​ស្មារតី​​ប្រុង​​ប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់​ជេរប្រទេច​ផ្ដាសា​នាំឲ្យ​ស្លែង​ចិត្ត​អ្នក​ដទៃ។ សម្ដីទាំងអស់នេះត្រូវលះបង់ ត្រូវតម​កុំនិយាយ​។ ត្រូវ​​និយាយ​​តែ​សម្ដី​​ដែល​ប្រកប​ដោយ​ចិត្ត​មេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិន​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​យុត្តិធម៌​គ្រប់ពេលវេលា ។២.៣ អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)- មិនតាំងចិត្តគិតសម្លឹងរំពៃយកទ្រព្យអ្នកដទៃមកជាទ្រព្យរបស់របស់ខ្លួន។ គំនិត​ប្រកប​​ដោយសេចក្តីសន្តោស ត្រេកអរតាមមានតាមបាន គំនិតប្រកបដោយ សេច​ក្តីខ្មា​ស​បាប គំនិតលះបង់អំពើចង់បានឥតខ្មាស់ គំនិតស្មោះត្រង់ មិនត្រូវការទ្រព្យ​​សម្បត្តិ គេមកធ្វើ​ជា​ទ្រព្យរបស់ខ្លួន។ តម្រិះត្រូវ (សម្មសង្កប្បៈ) គឺតម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀន​អ្នក​ដទៃ មិនដក់ត្រាំ​ក្នុង​​កាម។ សេក្ដីត្រិះរិះត្រូវ ​សេចក្ដីតាំងចិត្តយ៉ាងប្ដូរ​ផ្ដាច់ក្នុងការ​ទ្រ​ទ្រង់​នូវ​​ជីវិត​ជាមួយ​នឹង​​ការពង្រីក​ពង្រឹង​​​នូវជីវភាពដោយអាស្រ័យសេចក្ដីចេះដឹងជាមូលដ្ឋាន​នៅ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​​ឲ្យបានសុខ​ជាបុគ្គលមើលឃើញបានវែងឆ្ងាយដឹងថា​មានផ្លូវបែបណា​ខ្លះ​អាច​​នឹង​​ដឹក​​នាំ​ខ្លួន​ទៅកាន់​សេចក្ដី​សុខចម្រើនបាន។  - មិនចងគំនុំគុំគួនធ្វើឲ្យអ្នកដទៃវិនាស និងការមិនបៀតបៀនអ្នកដទៃគឺតម្រិះត្រូវ​(សម្មសង្កប្បៈ)។ គំនិតប្រកបដោយមេត្តា គឺស្រឡាញ់រាប់​អាន​​សព្វ​ទូទៅ ដូចជាមាតា​ស្រឡាញ់​បុត្រ មិន បានព្យាបាទដល់ជនមួយណាឡើយ ប្រកប​ដោយ​ករុណាសេចក្តីអា​ណិត​អាសូរ​ចំពោះ​សត្វ ទូទៅដែលមានសេចក្តីទុក្ខ ចង់​ឲ្យ​សត្វ​បាន​រួច​ផុត​អំពីសេចក្តីទុក្ខ គំនិត​មិនត្រូវការ​បៀត​បៀន មនុស្ស សត្វណា ឲ្យមាន​សេចក្តីទុក្ខ​លំបាក​ឡើយ (១២)។  - សេចក្ដីយល់ឃើញត្រូវ (សម្មាទិដ្ឋិ) គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបាន​បាប​។ ទស្សនៈ​ត្រូវ​ពិត ភាពសន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិត​ឃើញ​ទៅលើ​ផ្លូវ​ខុស​​​​នីមួយ​​​ៗ ។ បុគ្គ​ល​គប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និង​សេចក្ដី​​​មិន​ស្ថិត​ស្ថេរ​។ ត្រូវឃើញ​ភាពពិតដែលមាននៅក្នុងភាព​មិនពិតមុន​នឹងធ្វើ​នូវសេចក្ដី​សម្រេច​​​ចិត្ត ឬមុន​នឹង​ដាក់​ចិត្តជឿ​ទៅក្នុងរបស់ណា ត្រូវ​ធ្វើការ​បកស្រាយ​ជាមួយនឹង​ការ​ស្រាវ​ជា្រវ​​រក​​ហេតុ​ផល​​​ក្នុង​របស់នោះឲ្យគ្រប់គ្រាន់សិន។  នៅក្នុងមនោសុចរិតនេះដែរ ព្រះសម្មាសម្ពុទ្ធក៏បានប្រៀនប្រដៅអោយមនុស្ស​ទាំង​​ឡាយ អោយភ្ញាក់រឮកឲ្យបានត្រឹមត្រូវ (សម្មាសតិ) គឺរឭក​ដល់​ការងារ​ដែលមិនទាន់​បាន​​ធ្វើ រឮក​ដល់ការ​ងារដែល​​កំពុង​​ធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮក​ដល់​កាយ​វេទ​នា ចិត្ត ធម្មៈ ដែល​កំពុង​ប្រព្រឹត្តទៅ។ តម្កល់ចិត្តត្រូវ (សម្មាសមាធិ) គឺតម្កល​នៅ​ក្នុង​អារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់​នៅ​​ក្នុង​​ទង្វើដែលកំពុងធ្វើ តម្កល់នៅ​ក្នុង​ធម្មៈ​​ដែល​កំពុងតែសិក្សាហ្វឹកហាត់ ដើម្បីស្វែងរកសុខសន្តិភាព និងកំចាត់បង់នូវសេចក្ដីទុក្ខ​ទាំងពួង។ដូច្នេះគឺត្រូវធ្វើការព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ) ព្យាយាមត្រូវ គឺខំធ្វើទង្វើ​ល្អ ​មានកាយសុច្ចរិត, វិចីសុចរិត និង មនោសុចរិត ដែល​មិនទាន់បានធ្វើ រួចហើយ និងខិត​ ខំ​​រក្សា​ទុកនូវទង្វើល្អ​ដែល​បាន​​ធ្វើពី​មុន​មក ហើយកុំប្រព្រឹត្តអំពើអា​ក្រក់ ខំលះបង់​នូវទង្វើ​អាក្រក់​​ដែលបាន​ធ្វើទាំង​ប៉ុន្មាន (១៣)។៣ ទ្រឹស្ដីអប់រំសីលធម៌តាមរយៈការយល់ដឹងពីតួនាទី៣.១ តួនាទីមាតាបិតា៥យ៉ាង  មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ ជាអ្នកដើរតួយ៉ាងសកម្មក្នុងការ​ទទួល​ខុស​​​ត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច ៥ប្រការសម្រាប់សង្រ្គោះបុត្រ​ធីតា​គឺ​៖  ទី១៖ មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់ ត្រូវ​​​ហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត ឧស្សាហ៍ព្យា​យាម​ពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងប​ច្ចុប្បន្ន និងបរលោកឲ្យឃើញជាក់​ស្ដែង ឲ្យ​កូន​រាងចាលរួញរអា ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត ចេះបីបាច់​ចិញ្ចឹមកូន ឲ្យ​បានល្អ មិនថ្នាក់ថ្នមកូនហួសពេក ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រ​កូលរៀបច្បង ។  ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌​ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើ​សុចរិត​​​តាម​​គន្លងធម៌ ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណង​ក្នុង​ផ្លូវ​​អា​​ក្រក់ ​ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។  ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនឲ្យ​ចេះ​​​និយាយ​សម្ដីត្រឹមត្រូវ​ច្បាស់​លាស់​សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ វៀរចាក​ពាក្យ​អាក្រក់​​ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយ​ឲ្យកូន​រត់លេង​ផ្ដេសផ្ដាស់​​លុះកូនមានវ័យធំល្មម ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និង​គ្រឿង​សិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុង​សា​លា​​តាមគួរដល់កាលៈទេសៈ និងសម័យនិយម មិន​បណ្ដោយទុកឲ្យ​កូននៅ​ល្ងង់ទាំង​ប្រុស​​​ទាំង​ស្រី ។  ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។ លុះកូនមានវ័យធំល្មមផុតពីការសិក្សា​ហើយ មាតាបិតាគប្បីរៀបចំឲ្យមានផ្ទះ​សម្បែង​គូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្ត​នៃ​សាមី​​រូប​ទាំង​ពីរខាងផង តាមគួរដល់ពូជ​ពង្សវង្ស​ត្រកូលនិងទ្រព្យធនជាដើមផង ។  ទី៥៖ ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។ លុះរៀបចំកូនហើយ មាតាបិតា​គប្បី​ចែក​ចាយ​​ទ្រព្យសម្បត្តិតាមកម្លាំងធនធាន ទោះ​​ទ្រព្យមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ក្នុង​និច្ច​សម័យ​១ ក្នុង​កាលសម័យ១ ដើម្បី​ជួយ​បណ្ដុះ​បណ្ដា​ល​ឲ្យបានកើតកាលវាលគុម្ពក្នុង​គ្រួ​សារ​​របស់​កូន​ឲ្យ​ហើយជាស្រេច ឲ្យត្រឹម​ត្រូវ​តាម​លក្ខ​ណៈ​ច្បាប់របស់រដ្ឋ កុំឲ្យ​កូនមាន​វិវាទ​ឈ្លោះ​ទាស់​ទែង​ដណ្ដើមគ្នាទៅថ្ងៃក្រោយ ។ ហេតុ​នេះ​​សូមមាតាបិតានៃបុត្រ​ធីតា​ទាំង​ឡាយគប្បី​សង្រ្គោះ​ចំពោះបុត្រដោយលក្ខណៈ ៥យ៉ាង​នេះ​​ចុះ(១៤) ។៣.២ តួនា​ទី​កូនល្អ៥យ៉ាង  កូនប្រុសស្រី កាលណាមាតាបិតាបានបំពេញល័ក្ខខ័ណ្ឌសព្វគ្រប់ហើយ ត្រូវ​ឆ្លើយ​តប​​​សេចក្ដី​ល្អរបស់ឪពុកម្ដាយ ដោយកិច្ច ៥ យ៉ាងគឺៈ  ទី១៖ ត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។ បុត្រធីតាគប្បីសិក្សាថា មាតាបិតា​ចិញ្ចឹម​រក្សា​អាត្មាអញ ហើយអាត្មាអញ​នឹង​ចិញ្ចឹម​មាតាបិតាវិញ កើតមកជាមនុស្ស​បើ​គ្រាន់​តែរឭក​ដល់​​អំពើ​ល្អដែលអ្នកដទៃ​បាន​ធ្វើ​លើ​ខ្លួនមិន​ឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វី សេចក្តី​​ល្អ​ផ្សេងទៀតថាអាចនឹកឃើញ​ដើម្បី​ពូន​​សន្សំ​ក្នុងសន្តានទៅ​បាន។ បក្សី​ស៊ីផ្លែ​ពោធិ៍​ជ្រៃ​​អស់​ហើយហើរចេញមិន​បែរក្រោយ រឿងនេះ​មិន​គួរឲ្យ​តិះដៀលទេ ព្រោះ​វាជាធម្មតា​របស់​សត្វ​តិរ​ច្ឆាន ប៉ុន្តែមនុស្សយើងវិញបើ​ធ្វើ​​បែប​ហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹក​​រំ​ឭក​ដល់​គុណ​អ្នកដទៃ​មានមាតា​បិតា​ជា​ដើម បាន​ធ្វើហើយ​នូវប្រយោជន៍​សុខ​ចម្រើន​កើត​មាន​ដល់​ខ្លួន​នោះវាគួរឲ្យតិះ​ដៀល​ខ្លាំង​ណាស់ ព្រោះយើងមិនមែន​ជា​សត្វតិច្ឆាន​ឯ​ណា​​។  ធ្វើបុណ្យដាក់បាត្រក្រាបសំពះ​នៅវត្តគឺពិតជាល្អ មានចិត្តស្មោះសសន្សំនូវគុណ​ធម៌​ក្នុង​​សន្តាន ប៉ុន្តែកុំភ្លេចព្រះនៅផ្ទះព្រោះមានគុណធ្ងន់ជាងព្រះអរហន្ត គឺមាតាបិតា សូមកូន​ប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា គប្បីកុំអៀនអន់ កុំឲ្យក្តៅក្រហាយ ស្តាយ​​​ក្នុងកាល​ជាក្រោយ។​  ទី២៖ ជួយធ្វើការដែលមាតាបិតាត្រូវការ។ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងជួយ នឹង​ធ្វើ​ការឲ្យមាតាបិតា ដោយ​ក្តី​មិន​ខ្ជិលច្រអូសឡើយ សេចក្តីខ្ជិលជាអ​បាយមុខប្រការ១ គឺ​ជា​​ប្រធាន​នៃសេចក្តីវិនាស​នូវ​ប្រយោ​ជន៍ គ្រប់យ៉ាងដូច្នេះបើយើងធ្វើការឲ្យអ្នកដទៃ ប៉ុន្តែ​មិន​​​គួរ​ខ្ជិល​ធ្វើសេចក្តី​ល្អដល់ខ្លួន​ឯង​​ឡើយ​។ សត្វឆ្មាយំ​ទា​ចំណី​គឺចង់​ឲ្យយើង​ធ្វើសេចក្តី​ល្អ​ជា​​​មួយវា គឺសុនខជាដើមក៏ដូចគ្នា ចំណែក​​ឯ​ខ្លួនយើងវិញ តើយំ​ទាឲ្យ​អ្នកណា​ធ្វើសេចក្តី​ល្អ​ឲ្យ​?  មនុស្សគ្រប់គ្នាប្រាថ្នាបានសេចក្តីល្អពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថា មិនមែនអ្នកណា ស្រឡាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នា​សេចក្តីល្អ​គ្រប់យ៉ាង​អំពីខ្លួនឯង ការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រពៃ ជាសេចក្តីល្អ​មួយដែលអ្នក​ធ្វើត្រូវ​បាន​​​ទទួល​ខ្លួនឯងយ៉ាងពិតប្រាកដ។  ការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្ត ពិតជាមួយសត្វលោក​ឲ្យរួចផុតពីបាប​កម្ម និងពៀរវេរាមានផលផុតចាកពីទុក្ខភ័យ សូមកូនប្រុសស្រីរក្សាព្រះនៅក្នុងផ្ទះ និងព្រះ​នៅ​ក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែសឡើយ។  ទី៣៖ រក្សាកេរ្តិ៍ឈ្មោះលើកតម្កើងពូជពង្សវង្សត្រកូល។ បុត្រធីតាគប្បីសិក្សាថា អាត្មា​អញនឹងតម្កើងនូវវង្សត្រកូលឲ្យបានល្អ។ចរិយា​មា​​រយាទ ជារឿងសំខាន់ណាស់ បុត្រធីតា​គប្បី​រក្សាខ្លួនឯងដោយសីលធម៌ រក្សាសីល​ជាការ​ធ្វើ​​សេចក្តី​ល្អដល់ខ្លួនឯង ដោយ​មិន​ចាំ​បាច់​អស់ទុនឡើយ គ្រាន់តែអធ្យាស្រ័យ​លើ​ស្មារ​តី​ថែ​​ទាំ​ខ្លួន​ឯង ការ​សិក្សា​ស្វែងយល់​អំពី​សុជី​វ​ធម៌ សណ្តាប់ធ្នាប់ល្អ​ព្រមដោយការ​បដិបត្តិ​ដោយ​ប្រពៃ ក៏​បានសម្រច​ផល​កម្រៃ​ដ៏​ប្រសើរ គឺបានមនុស្ស​ល្អម្នាក់​លើកស្ទួយ​វង្សត្រ​កូល​ផង ប្រទេស​ជាតិ​របស់ខ្លួនផង សង្គម​មនុស្ស​ទាំងមូលផង។  កូនប្រុសស្រីទាំងឡាយ អ្នកទាំងឡាយកុំភ្លេចសីលឡើយ កុំគិតថាសីលជារឿង​លំ​បាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេ កិលេស​ក្នុងខ្លួនរបស់​កូនទេតើដែល​ជា​សត្រូវ​ធ្វើ នូវការបៀតបៀនដល់កូននោះ ចំណែកឯសីលគឺជាមិត្តល្អ​គ្រប់ពេលជា​សេរី​មង្គល​ពិត​ប្រាកដ សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្ស​ត្រកូលគឺជាការដែល​កូន​​ប្រុស​ស្រី​តម្កល់ ខ្លួនឯងឲ្យប្រពៃខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌​ចេះជួយ​សង្គ្រោះ​អ្នកដទៃ សាងស្នាដៃ ប្រកបដោយសីលធម៌។  ទី៤៖ បម្រើមាតាបិតាដោយសុចរិតអោនលំទោន ។ បុត្រធីតាគប្បីសិក្សាថា​ អាត្មា​អញ​នឹងបដិបត្តិឲ្យបានសម​គួរជាអ្នកទទួល​នូវ​ទ្រព្យ​​មរ​តក ។ មាតាបិតា ទោះបីជា​មានទ្រព្យ​តិច​​ច្រើនប៉ុណ្ណាៗក្តី គ្មានអ្វី​ដែលគួរ​សង្ស័យ​ឡើយ បើ​ថា​គាត់កំណាញ់​ក៏តែ​ជា​មួយ​និង​អ្នក​ដទៃ​ប៉ុណ្ណោះ ឯចំណែកខាងកូន​របស់គាត់​វិញ​នោះ​មាន​ប៉ុន្មានទុក ឲ្យទាំង​អស់​ដោយ​ចិត្តរីក​រាយ​កក់ក្តៅជាទីបំផុត។ ដូច្នេះចូរកូនប្រុស​ស្រី​គប្បី​ធ្វើ​សេចក្តីសង្ឃឹម ដល់​មាតាបិតា ត្រូ​វ​ខិត​ខំ​ប​ដិបត្តិខ្លួនឲ្យរឹងមាំ មានមារយាទ​ល្អ​សម្តែង​នូ​វ​ការ​សមគួរជាទីទុកចិត្ត ដល់មាតាបិតា ដាច់​ខាតកុំមើលងាយទ្រព្យមរតកនោះ​ឲ្យសោះ ទោះបីតិចតួច ឬមិនប្រណិត យ៉ាងណាក្តី ព្រោះ​ក្នុងមរតក​នោះបានបង្កប់ទៅ​ដោយ​​មនោ​សញ្ចេត​នា ដ៏ជ្រាលជ្រៅប្រកប ដោយ​ព្រហ្ម​វិហារ​ធម៌ អាណិតស្រឡាញ់ និង​មេត្តាដ៏ខ្លាំងក្លា កាយវិការ​រឹងមាំ តែចិត្តទន់ភ្លន់ ស្រឡាញ់​ដូច​មេឃ​ស្រទុំចំពោះ​បុត្រភ្ងា​ស្ងួន​ពិ​សី​។ សូមកូន​ប្រុស​ស្រី​ទទួល​បាននូវមរតក ពិសេស​ព្រហ្ម​វិហារ​ធម៌របស់មាតាបិតា ហើយ​គប្បី​ពង្រីក​ចែក​ចាយ​ដល់ជនដទៃដោយក្តីមេត្តា​ករុ​ណា​ធំទូលាយ។  ទី៥៖ បុត្រធីតាគប្បីសិក្សាថា អាត្មាអញ​ត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតា​បិតា​​ដែល ធ្វើកាលកិរិយាទៅកាន់បរលោក។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្ម ជឿ​ផល ហើយ​​បានធ្វើដល់ទក្ខិណេយ្យបុគ្គល។ ទក្ខិណេយ្យ​បុគ្គលគឺបុគ្គល​មានគុណធម៌​ខ្ពង់​ខ្ពស់ ដូច​​ជា​សីលគុណជាដើម ជាបុគ្គលសមគួរទទួលនូវទក្ខិណាទាន ចំណែកពាក្យថា​ទក្ខិណា​​​នុប្ប​ទាន​គឺជា អំណោយបុណ្យ បានដល់ការឧទ្ទិសដល់នូវទក្ខិណាទាន​ឲ្យដល់អ្នក​ដែល​ទៅ​កាន់​បរ​លោក។ ការធ្វើបុណ្យឧទ្ទិសទៅដល់អ្នកដទៃជាសេចក្តីល្អពីរយ៉ាង ម្យ៉ាង​បុណ្យ​​ថ្នាក់​ទានមាន​ឥស្សរភាពលើកិលេស ម្យ៉ាងទៀតគឺបុណ្យបត្តិ​ទានមាន​ចិត្តល្អ​ប្រកប​ដោយ​​​មេត្តា ឬការដឹងគុណ ចែកបុណ្យ ឧទ្ទិសកុលសអំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើ​បាន​ឧទ្ទិស​ដ​ល់​ខ្លួន​ឯងទាំងស្រុង សម្រាប់ជួយខ្លួនឲ្យរួចពីភាពជាអំពើអាក្រក់។ បើកូនចៅប្រាថ្នា​ពរ​​គឺ​​វត្ថុដ៏​ប្រ​សើរ  សូមកូនចៅបំពេញហេតុបាន​ដល់កុសលឲ្យសម​គួរដល់ផលទើបអាច​ទទួល​​ពរ​បាន​ (១៥)។៣.៣ តួនាទីស្វាមី៥យ៉ាងបុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវ​សង្រ្គោះ​​នាងដោយកិច្ច ៥យ៉ាងគឺៈទី១៖  ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្ត​ជា​ប្រយោ​ជន៍ដល់ភរិយា ។ ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បី​សង្រ្គោះ​​ស្រ្តី​នោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់​សំលៀក​បំពាក់​ជា​ដើម ។ទី២៖  មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។ មិន​ត្រូវ​ប្រមាទ​មើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បី​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​ពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយា​មាន​​​កំ​ហុស​បន្តិច​បន្តួច​ក៏​គួរ​អត់​ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។ កាលណា​បើយើង​ប្រើ​​តែ មធ្យោ​បាយ​ត្រ​ជាក់​ដាក់​ភរិយាទៅ​យើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹក​ឃើញ​ថា​ជាដំបូន្មាន​ល្អគួរឲ្យ​ប្រតិ​បត្តិ​តាម ។ ទី៣៖  មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូល​ស្នេហា​​របស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនា​ទី​ថាជា​ស្វាមីរបស់គេដោយពិត ។ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់​អំណាចឲ្យ​ជា​ធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សា​ថែ​ទាំ​​លំ​អរគេហស្ថាន ព្រោះ​ភរិយា​ទុក​ជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សម​​​និងស្លោកថាៈទ្រព្យគង់ត្បឹតស្រី   ចេះសំចៃទុកមានផ្ទះស្រណុក  ត្បឹតភរិយាជាទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់​គ្រាន់ តាម​កាលៈ​ទេសៈនិងសម័យនិយម ។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរស​ស្វាមី​​ត្រូវឃុំគ្រង កុំបីរំលងការរក្សា ។៣.៤ តួនាទីភរិយា៥យ៉ាង  ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។ ភរិយាគប្បីចាត់ចែងការងារ​មានម្ហូប​ចំណី​ជា​ដើម ដោយផ្ចិតផ្ចង់​សម្រាប់​ស្វាមី​ឲ្យ​បាន​​ត្រឹម​ត្រូវ តាមពេល​វេលា ។ទី២៖  សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។ ត្រូវមានចិត្តស្មើ មិន​ត្រូវ​​លំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាត បាត់បង់ដោយ​ការ​មិន​​គួរ ។ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី​ គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅ​ពី​ស្វាមីខ្លួនឡើយ ។ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស​ កិច្ច​ការ​ណា​មិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើ​អ្វី​ធ្វើ​ឲ្យ​​ហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។នាទីស្វាមីភរិយា   ប្រាំៗដូចគ្នាធម៌សង្រ្គោះសម្រាប់ឲ្យយើងកាន់រួមរស់  សន្ដោសដល់គ្នាជាប្រក្រតី។បើមានខាតខុសខាងភរិយា  តាំងចិត្តឲ្យជាកុំជេរស្ដីពុំនោះមានខុសខាងប្រុសក្ដី  ភរិយាជាស្រីទូន្មានបាន ។ព្រោះខ្លួនទាំងពីរជីវិតមួយ  កុំឲ្យមានព្រួយកើតរំខានអត់ឃ្លានមានស៊ីត្រូវក្លាហាន  សាងគ្រួសារឋានឲ្យសុខអើយ ។៣.៥ តួនាទីគ្រូបាអាចារ្យនាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យ​ចេះ​ប្រើ​ឥរិយាបទទាំង ៤ គឺ​ដេក ដើរ ឈរ អង្គុយ ជាដើម​ឲ្យមាន​របៀប​រៀប​រយ​សម​រម្យ​ល្អ​ក្នុង​ទី​ប្រ​​ជុំជន មិនឲ្យឆ្គាំឆ្គង​និង​ភ្នែក​អ្នក​​ដទៃ។ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និង​ព្យញ្ជនៈ ឲ្យបានត្រឹម​ត្រូវ​ចេះ​ប្រើ​របៀបសេចក្ដី រៀប​ពាក្យ​ល្អង​អធិប្បាយ​ពន្យល់​ហេតុ​ផល​​​ឲ្យចូលចិត្ត​យល់បាន​ពិត​ប្រា​កដ​ ។ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏​​បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់​ឲ្យ​​សិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះ​វិជ្ជា មាន​ចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយក​គុណសម្បត្តិនោះ​មកបង្ហាញ​សរសើរ​ក្នុង​ទី​ចំ​ពោះ​​មុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និត​ស្នាល​រាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស​។ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូច​​ជា​ការ​​ចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់​ណែ​នាំ​ហេតុ​ផល ឲ្យ​យល់​ពីប្រយោជន៍នៃការសិក្សា ទាល់​តែសិស្សមានចិត្ត​ជ្រះថ្លាព្យាយាម​ក្នុងការ​សិក្សា​ហើយ ត្រូវ​ជួយទំនុក​បំរុងសិស្ស​ដោយគ្រឿង​សិក្សា ​តាមបាន​ល្មមឲ្យ​សិស្សមាន​សេច​ក្ដី​រីក​​រាយ​ស្រលាញ់ពេញចិត្តក្នុងការសិក្សា (១៦)។៣.៦ តួនាទីសិស្ស៥យ៉ាង  សិស្សមានតួនាទី ៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក គឺថាបើខ្លួនអង្គុយ​ក្នុងទី​កន្លែង​​ណា មួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវ​ក្រោក​ឈរ​ឡើង​​ដោយ​​គោរព បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀប​ចំ​ទី​​សេនា​​សនៈ​ឲ្យសម រម្យប្រគេនជូន បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយ​ចុះ​លុះ​​ដល់​​គ្រូ​ធ្វើដំណើរ​ ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើប​គួរហើយចាំ​ត្រឡប់​ទៅ​​វិញ­ (១៧) ។  ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស ។ ចូលទៅចាំបម្រើលោក បម្រើព្រឹក​ល្ងាចនោះ​បាន​ការរៀបចំគ្រឿងចង្ហាន់ ពុំ​នោះ សោត​​ប្រសិនបើលោកមានការរវល់អ្វី សិស្ស​​មិន​ត្រូវព្រងើយកន្តើយគេចវេស ដោះដៃឡើយ​​ ត្រូវ​តែជួយ​បំពេញ​ធុរៈនោះឲ្យបាន​សម្រច​។  “ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន  បើផ្គាប់មិនឲ្យមួនកុំសង្ស័យ  ខុសពីរបីដងលោកអភ័យ  បើមានចំណីទុកឲ្យស៊ី” (១៨)។  ទី៣៖ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ យើង​គួរ​​គូ​ស​​ចំណាំក្នុងចិត្ត ហើយត្រូវត្រិះរិះមើលផងបើឃើញ​ថា​ត្រូវ​ល្អប្រញាប់​ប្រតិបត្តិ​ធ្វើ​តាម​។  គតិភាសិត ក៏បានបញ្ជាក់ប្រាប់យើងថាៈ  “ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”  ពុតគឺចរិយាមិនប្រសើរ  គ្រូធ្វើដំណើរដូចម្ដេចក្ដី  កុំយកតម្រាប់អ័ប្បរាសី  ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា ។  ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ  គ្រូលោកប្រដៅគួរជ្រះថ្លា  ឲ្យរើសទុកដាក់ក្នុងចិន្ដា  យកតែផ្លូវណាដែលប្រណិត ។  ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។ សិស្ស​ត្រូវ​យកចិត្ត​ទុកដាក់​បម្រើ​គ្រូ ធ្វើវត្ត​ប្រតិបត្តិដូច​ជា​សិស្ស​ដែល​​នៅ ក្នុង​សំណាក់គ្រូ ត្រូវឧស្សាហ៍​បោសសំអាត​កន្លែង​រៀន ឬផ្ទះទីកន្លែងនៅ និង​គក់​ច្រ​បាច់​​ជា​ដើម ។សិស្សគប្បីសិក្សាថាការ​ប្រតិបត្តិគ្រូដោយ​ធ្វើ​ការ​​ងារទោះ​បីការងារនោះតូច​តាច​​បន្តិច​​​ក៏ដោយ ក៏មិន​ត្រូវឲ្យ​លោក​គ្រូអាចារ្យ​ធ្វើខ្លួនឯង​ដែរ​។​ ការជ្រោមជ្រែងការគាំទ្រ​ការ​​សម្តែង​សេចក្តីគោរព  ជា​ការអនុមោទនាចំពោះគុណបុណ្យ ជា​ការ​បម្រើដោយប្រសើរ​ដោយ​​​ចិត្ត​ទន់​ភ្លន់ លើកស្ទួយ​របស់ធ្ងន់បម្រើប្រយោជន៍​ដល់ជន​ទាំង​ពួង។ មនុស្ស​ឆ្លាត​រមែង​ស្វែង​រកគុណធម៌មកទុកក្នុងខ្លួន សាងគុណចម្រើន​ប្រយោជន៍​ដល់​សង្គមមនុស្ស សង្គម​​សត្វ​ប្តេជ្ញាតាំងចិត្តមិនដុតសង្គម ពោលគឺមិនធ្វើឲ្យ​សត្វលោក​ក្តៅ​ក្រហាយ​​ដោយ​សារ​ខ្លួន​ឯងម្នាក់ឯងឡើយ ហើយគោរពស្រលាញ់ គាំទ្រ​នូវបុគ្គល​ណា​ដែល​មាន​សម្ថភាព​អាចផ្តល់​ផល​ប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។ សូម​មនុស្ស​លោក​គ្រប់​គ្នា លើកនូវ​ទង់ជ័យ​របស់មនុស្សគឺគុណធម៌។ តាមពិតមានតែគុណធម៌​ប៉ុណ្ណោះ​ដែល​​ធ្វើឲ្យ​មនុស្ស​យើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។  ទី៥៖ សិស្ស​គប្បីសិក្សាថា ​អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយ​សេចក្តី​គោរព​​។ មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺ​រិត​​​តែ​ល្អ ទោសរបស់​មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើ​ក្នុង​​ផ្លូវ​​ខុស គឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជា​ប្រយោជន៍​ដល់​​សង្គម​​ជាតិក្តី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តី​ពេញ​ចិត្តក្នុង​ការ​ងារ​​ជា​​កម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិន​ដាច់ជាហេតុឲ្យសម្រេចនូវ​ប្រយោ​ជន៍ បើ​មិនដូច្នេះ វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗ​ទៀត​ផង។  លោកគ្រូនិងសិស្សតោងមានធម៌  ៥យ៉ាងនេះល្អសង្រ្គោះគ្នា  ពន្យល់ហេតុផលការសិក្សា  ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។  វិជ្ជាផ្លូវលោកនិងផ្លូវធម៌  ជួយលុយអង្ករកុំរឹតត្បិត  ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ  ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។ឯសិស្សវិញសោតត្រូវយល់ការ  កុំអាងបញ្ញាថាបំផ្លើសស្គាល់នាទីយើងជាសិស្ស  កុំឆ្កើសដេញដោលតែគ្រូឯង។ត្រូវចេះគោរពប្រតិបត្តិគ្រូ  អង្គសព្វញ្ញូទ្រង់សម្ដែងថាត្រូវតបគុណចេះកោតក្រែង  លោកបង្រៀនឯងផុតអវិជ្ជា(១៩)។៣.៧ តួនាទីចៅហ្វាយនាយ៥យ៉ាង  ចៅហ្វាយនាយ ក៏ត្រូវមានចិត្តករុណាសណ្ដោសសង្រ្គោះដល់កម្មករកិច្ច៥យ៉ាងគឺៈ  ទី១៖ ចាត់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង, ចៅហ្វាយ​នាយកាល​បើ​ប្រើ​ទាសៈ “កម្មករ” ឲ្យធ្វើការណាមួយគប្បីប្រមើលមើលសមត្ថភាពគ្នាសិនបើទាសៈនោះមាន​ប្រាជ្ញា​​ស្មារតីមានកម្លាំងមាំមួនល្មមទទួលការងារចង្អៀត ការងារធ្ងន់ៗទៅបានទើប​ចាត់ចែង​ឲ្យ​​ធ្វើ​តាមសមគួរនៃសមត្ថភាព, ព្រោះបុព្វបុរសបានរំឭកយើងថាៈ “មើលមាត់សឹមឲ្យស្លា មើល​​​ស្មា​សឹមឲ្យអម្រែក” ។ មែន! កុំអាងតែចៅហ្វាយនាយហើយចេះតែប្រើទៅក៏មិនកើត, រី​ឯ​កិច្ច​ការ​នោះក៏មិនអាចសម្រេចផលល្អបានដែរ ។  ទី២៖ ឲ្យភោជនាហារ និងថ្លៃឈ្នួល និងរង្វាន់ដោយត្រឹមត្រូវដល់អ្នកបម្រើ ។  ចៅ​ហ្វាយ​នាយគប្បីទំនុកបំរុងខាងភោជនាហារ សម្រាប់​​កម្មករបរិភោគឲ្យបានគ្រប់គ្រាន់ តាម​ពេល​វេលាមិនឲ្យខ្វះខាត ។  ប្រើបាវមើលចិត្តវា  កុំពុះពារឥតប្រណី  សត្វបម្រើសោតខ្មី  ត្រូវមេត្រីឲ្យស្មៅទឹក។  មនុស្សឥឡូវដូច្នោះដែរ  គួរណាស់តែចៅហ្វាយនឹក  បើឲ្យរង្វាន់ញឹក  នោះគ្នានឹកអរពេកក្រៃ។  មានកម្លាំធ្វើការ  ហត់យ៉ាងណាមិនថាអី  ប្រឹងប្រែងធ្វើអស់ដៃ  គ្មានដេកថ្ងៃធ្វើម៉ត់ចត់។  បើចៅហ្វាយគ្នាយោគយល់  មុខជាបបួលគ្នាថាស្បថ  ទោះការនោះមិនសូវហត់  ក្រោយថាស្បថលែងដាក់ដឺម៉ង់ ។  ទី៣៖ ព្យាបាលក្នុងវេលាមានជម្ងឺ, កាលបើកម្មករមានជម្ងឺតម្កាត់កើតឡើង ចៅហ្វាយ​ត្រូវ​​ប្រញាប់​ប្រញាល់ទិញថ្នាំព្យាបាលរោគ ថែទាំរក្សាជម្ងឺកម្មករឲ្យទាល់តែជាសះស្បើយ ។  ទី៤៖ ចែកភោជនាហារដែលមានឱជារសប្លែកៗឲ្យបរិភោគ ភោជនាហារគាប់ប្រសើរ​ប្លែក​ៗ ជួនមានម្ដងម្កាល ចៅហ្វាយនាយគួរតែចែករំលែកដល់កម្មករឲ្យបានបរិភោគ​ខ្លះៗ​ផង​​វត្ថុ​ទាំងនេះ ទុកជាទិព្វមន្តពិសេសសម្រាប់លើកកម្លាំងចិត្តកម្មករ ឲ្យស្រលាញ់​ការងារ​របស់​​យើង ។  ទី៥៖ បើកឲ្យសប្បាយក្នុងការគួរ ដូចជាមានពិធីបុណ្យអ្វីមួយ មានល្បែងមហោស្រព ឬ ក្នុងពេលបុណ្យចូលឆ្នាំជាដើម ចៅហ្វាយនាយត្រូវបើកឱកាសឲ្យកម្មករបានទៅលេង​សប្បាយនឹងគេ និងបើករង្វាន់ប្រាក់កាសសម្រាប់ចាយវាយក្រៅខ្លះផង ចេះសម្ដែងទឹកចិត្ត​រីករាយចំពោះកម្មករឲ្យគ្នាសប្បាយចិត្ត មិនធុញទ្រាន់នឹងយើងជាចៅហ្វាយនាយ ។  បើចង់ឲ្យគេស្រលាញ់យើង យើងសម្ដែងទឹកមុខរីករាយ គេមិនសប្បាយចិត្តនឹង​យើងពាក់មុខយក្ខដាក់គេទេ ។៣.៨ តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង  ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន ៥យ៉ាងគឺៈ  ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយ​ដែល​ចាត់​ចែងឲ្យ​ធ្វើនោះ ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។  ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ ត្រូវធ្វើ​ឲ្យ​ដល់​​ទី​បំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់​ចាំឈប់​តាម​​ជា​ដំណឹង ។  ទី៣៖ កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ, ត្រូវមានសច្ចៈទៀង​ត្រង់​និង​ចៅ​​ហ្វាយនាយរបស់ខ្លួន​ មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួច​លាក់របស់ចៅហ្វាយ​នាយ​​ឡើយ​។  ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ ។ ការងារណា​ដែល​ចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវ​​មានឆន្ទៈខំប្រឹងប្រែងធ្វើមិន​ធុញទ្រាន់មិនខ្ជីខ្ជារ​ធ្វើឲ្យ​តែ​រួច​ពីដៃ ចេះសំអាតដូចជារបស់​ខ្លួន​​​ធ្វើទាល់​តែបានសម្រេចជាបំផុត ។  ទី៥៖ នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ, កិត្តិគុណ គឺគុណ​សម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ, ទាស​កម្មករ​គប្បី​នាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយ​របស់ខ្លួនមាន​អធ្យាស្រ័យ​​ល្អយ៉ាងនេះមួយយ៉ាងនោះមួយ ពោលពាក្យ​សម្ដីផ្អែម​ល្ហែម​ទៅកាន់ជន​តូច​តាច​មិនរើស​មុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ ដើម្បីលើកកិត្តិគុណ​របស់​​ចៅ​ហ្វាយ​នាយ ។បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ គឺមាតាបិតាសង្រ្គោះដល់​បុត្រធីតាៗ​តប​​ស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី, គ្រូស​ង្រ្គោះ​ដល់​សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះ​ដល់ទាស​កម្ម​ករ ទាសកម្មករ​ប្រតិ​បត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបាន​ពោល​មក​ហើយនោះក្នុងសង្គមគ្រួសារនោះៗ តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើន​សប្បាយ​រីក​រាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬ​អន្តរាយ​​ដោយ​វិធី​​ណាបាន (២០)។៣.៩ តួនាទីមិត្តល្អ៥យ៉ាង  ទី១៖ ឲ្យដែលអ្វីដែលគួរឲ្យដល់មិត្តសម្លាញ់ ។ មិត្តល្អគប្បីសិក្សាថា អាត្មាអញ​ត្រូវ​ធ្វើ​ទាន​គឺអ្វីដែលគួរធ្វើ ឲ្យដល់មិត្តសម្លាញ់។ បុគ្គល ដែល​បានលះ​បង់នូវ​ទ្រព្យ​សម្បត្តិ​ទំនុក​បម្រុង​អ្នកដទៃ ហ៊ានបែង​ចែកសេចក្តី​សុខ​សប្បាយ​​ផ្លូវ កាយដល់អ្នកដទៃបាន រមែងទទួល​បាន​នូវ​ការលើកតម្កើង និងការរាប់អាន​ពី​បុគ្គល​ទូទៅច្រើនប៉ុណ្ណា បុគ្គល​ដែលបាន​បង្ករ​សេចក្តី​ទុក្ខលំបាក​ដល់អ្នកដទៃដើម្បី​ប្រយោ​ជន៍​​​សុខ​ខ្លួនឯ​ងក៏រមែង​ទទួល​បានការតិះ​ដៀល និងការរង្កៀសចិត្ត​អំពីអ្នក​ដទៃ​ទូទៅ​​ច្រើន​ប៉ុណ្ណោះ​ដូចគ្នាដែរ។  ចំពោះសត្វលោក ពិតមែនតែមិនអាចជ្រើសរើសកំណើតឲ្យខ្លួនឯងបាន ប៉ុន្តែបាន​កើត ជាមនុស្សហើយ យើងអាចជ្រើសរើសផ្លូវដើរដោយខ្លួនឯងបាន គឺគេចចៀសវាង​ឲ្យ​ផុត​​ពី​ផ្លូវ​ មានបន្លា ផ្លូវចោរ ផ្លូវសត្វសាហាវ ពោលគឺផ្លូវអកុសល បែរមករក​ផ្លូវកុសល​ជាផ្លូវស្អាត ផ្លូវគ្មាន ភ័យអំពីអ្វីៗ ជាផ្លូវនាំឲ្យបានដល់ទីបំផុតទុក្ខ។ ការធ្វើទាន​គឺជាផ្លូវ​សង្គ្រោះ​មួយ​ដ៏ប្រសើរក្រៃ លែងជាស្បៀងក្នុងការដើរផ្លូវឆ្ងាយ។  ទី២៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញគប្បីនិយាយពិរោះ មិនទ្រគោះគម្រោះ​គម្រើយ​ទៅរកមិត្ត​សម្លាញ់ខ្លួនឡើយ។ សេចក្តីចម្រើនយ៉ាងពិតប្រាកដនៅក្នុងជីវិតមនុស្សយើង គឺ​សេចក្តីចម្រើន​ផ្នែកកុសលធម៌ អ្នកចម្រើនដោយគុណធម៌ ឈ្មោះ​ថាជា​អ្នក​ទំនុក​បម្រុង​ព្រះ​ពុទ្ធ សាសនា​ធ្វើឲ្យចម្រើនលូតលាស់ក្នុងសន្តានចិត្តរបស់ខ្លួន។  សេចក្តីចម្រើននៃព្រះពុទ្ធសាសនាពិតប្រាកដ គឺសេចក្តីចម្រើនផ្លូវចិត្តនៃពុទ្ធបរិស័ទ ហ្នឹង​ឯង ចិត្តរបស់ពុទ្ធបរិស័ទនឹងចម្រើនរុងរឿងនោះ ក៏អាស្រ័យនិងព្រះធម៌ក្នុងសាសនាជា គ្រឿង​ចិញ្ចឹមបីបា​​ច់រក្សាជានិច្ចកាល ដូចទារកតូចអាស្រ័យនឹងទឹកដោះម្តាយដែរ គឺថាបើ​​យើងយកសីលធម៌ព្រះពុទ្ធសាសនាមកធ្វើជាអាហារ ជគ្រឿងបីបាច់រក្សាខ្លួន ចិត្តរបស់​មនុស្ស​ក៏នឹង ចម្រើនដោយសេចក្តីស្អាត ចម្រើនដោយពន្លឺភ្លឺស្វាង និងចម្រើន​ដោយ​សេចក្តី​ស្ងប់។ វាចាដ៏ពិរោះគួរដល់សង្គ្រោះចិត្ត គឺជាវាចាររបស់អ្នកដែលមានចិត្តស្អាត ចិត្តភ្លឺស្វាង ចិត្តស្ងប់។​  ទី៣៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើប្រយោជន៍ដល់មិត្ត។ ការមិន​បៀត​បៀន​គ្នា គឺជាការមិនបៀតបៀនទាំងខ្លួនឯង ទាំងអ្នកដទៃជាហេតុនៃសេចក្តីសុខ ចំណែកការ​បៀត​​បៀនគ្នាជាហេតុនៃការភ័យខ្លាច មិនស្ងប់ក្នុងជីវិត ព្រោះ​អាស្រ័យ​នូវបុគ្គល​អ្នកប្រថ្នា​ឲ្យ​ការ​រស់​នៅ​មានសេចក្តីប្រសើរ ត្រូវកុំធ្វើអំពើបៀតបៀនផ្សេងៗ កុំព្យាបាទ ហើយ​ត្រូវ​រក្សា​​ខ្លួន​ដោយ​ស្មារតី ត្រេកអរក្នុងសេចក្តីមិនប្រមាថ។  ការបៀត​បៀនខ្លួនឯងដោយការប្រព្រឹត្តអំពើអបាយមុខដូចជាការលេងស្រី បរិភោគ​ទឹកស្រវឹង ប្រព្រឹត្តល្បែងស៊ីសង និងខ្ជិលជាដើម ទោះមិនបានបៀតបៀន​អ្នកដទៃ​ដោយ​ផ្ទាល់ក៏ដោយ តែវាបានបៀតបៀនដោយផ្ទាល់ឬដោយប្រយោល ដូចជា​ការធ្វើ​ឲ្យទន់​ខ្សោយ​​ស្មារតី សង្គមមិនចម្រើនលូតលាស់ បញ្ចុះ​តម្លៃវង្ស​ត្រកូលក្រុមគ្រួសាររបស់ខ្លួន មាន​វិវាទ​​ញឹកញាប់ រវាងប្តីប្រពន្ធជាដើម ស្រែកឡូឡារំខានអ្នកជិតខាងព្រោះហេតុដូច្នេះ ដើម្បី​ឲ្យ​​បានជាមនុស្ស ល្អ មិត្តល្អត្រូវប្រព្រឹត្តអំពើជាប្រយោជន៍ផ្ទុយអំពីការបៀតបៀននេះ គឺ​ជា​មង្គល​ដ៏ឧត្តម។ទី៤៖ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះ​មិត្តសម្លាញ់ដោយ​មិនលើក​តម្កើង​ខ្លួន គឺ​ត្រូវ ធ្វើជាមនុស្សប្រកបដោយចរិយាមារយាទថ្លៃថ្នូរ។ ជីវិតសព្វថ្ងៃមានសេចក្កីដឹងខ្លួន ដឹង​​អារម្មណ៍ ដឹងរឿងគឺជានាទីនៃសភាវធម៌ពិតម្យ៉ាង បានដល់វិថីចិត្តដែល​ប្រព្រឹត្តត​គ្នាមិន​ដាច់ ពាក្យ​ថា ប្រព្រឹត្តតគ្នាមិនដាច់ គឺជាវិថីចិត្តតាមទ្វារណាមួយ ក្នុង​ទ្វារ៦​កើត​ឡើង​ហើយ​រលត់​​ក្នុង​វិថីចិត្ត ក្នុងទ្វាដទៃកើតឡើងជាថ្មីបន្តអំពីវិថីចិត្តមុនមានការកើតរលត់បន្ត​គ្នារ​ហូត​។ ពុទ្ធ​បរិស័ទ​ត្រូវ ដឹងថាអ្វីជាជីវិត អ្វីជាការកើតរស់ជីវិតមិនទៀងយ៉ាងណា លោកបែកធ្លាយ​យ៉ាង​​ម៉េច​ទើប​រំលត់ ឬកាត់បន្ថយនៃការប្រកាន់នៃមិត្តសម្លាញ់ព្រោះជាអ្នកមិនប្រកាន់​ខ្លួន​។​ទី៥៖ មិត្តល្អគប្បីសិក្សាថា​ អាត្មាអញមិននិយាយបោកបញ្ឆោត ដោយការនិយាយ​កុហក់ ឲ្យ ខុសអំពីសេចក្តីពិតដល់មិត្តសម្លាញ់ឡើយ។ វាចាមាន៣យ៉ាងគឺ វាចាលាមក១ វា​ចា​ផ្កា១ វាចា ទឹកឃ្មុំ១។ វាចាលាមកបានដល់ការនិយាយកុហក់ វាចាផ្កាបានដល់​ការមិន​និយាយ​​កុហក់ វាចាទឹកឃ្មុំបានដល់ការនិយាយពិរោះមានប្រយោជន៍។ ដូច្នេះ​មនុស្ស​ល្អ​គប្បី​​សិក្សា​ថា អាត្មា អញមិនគួរពោលពាក្យកុហក់ឡើយ។ មនុស្សនិយាយកុហក់ ជា​អ្នក​ខ្វះ​គុណ​ធម៌​ ជា​បុថុជ្ជនអន់ ។ ឈើអណ្តែតទឹកប្រសើរជាងមនុស្សនិយាយកុហក់ ប្រសើរជាង​មនុស្ស​​គ្មាន​​គុណធម៌ទាំង ឡាយ។
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
         រៀបរាងដោយសាស្ត្រាចារ្យឈួន~គឹមលាង

No comments:

Post a Comment