Monday, October 2, 2017

ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស


ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស

នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។
ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម។
នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។
ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
ព.ស.​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។
នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។

ប្រភពពី : https://km.wikipedia.org

No comments:

Post a Comment